ខ្ញុំរស់នៅក្នុងជីវិតដែលមានសុខភាពល្អជាមួយនឹងរបបអាហារមានតុល្យភាព និងការគេងគ្រប់គ្រាន់ ប៉ុន្តែខ្ញុំជាជនរងគ្រោះជំងឺមហារីក។ | I live a healthy life with balanced diet and proper sleep, but I'm a cancer patient.
ការមានរបបអាហារដែលមានតុល្យភាព និងការរស់នៅប្រកបដោយសុខភាពល្អ ជាក់ស្តែងពិតជាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពរបស់អ្នក។ វាអាចជួយអ្នកអោយមានអារម្មណ៍ប្រសើរជាងមុន និងធ្វើអោយសរីរាង្គផ្នែកខាងក្នុងមានសុខភាពល្អ រឹងមាំ ដោយសំរួលចលនាសរីរាង្គអោយដំណើរការប្រក្រតី។ ការធ្វើសកម្មភាព (លំហាត់ប្រាណ) និងការបរិភោគរបបអាហារដែលសំបូរទៅដោយ សារធាតុចិញ្ចឹម និងការទទួលទានដំណេកគ្រប់គ្រាន់ គឺជួយអោយប្រពន្ធ័ភាពស៊ាំរាងកាយខ្លាំងក្លា និងរឹងមាំប្រឆាំងជំងឺផ្សេងៗ។ ប៉ុន្តែជំងឺមហារីក មិនដូច្នេះទេ។ វាវាយប្រហារមនុស្សដោយមិនរើសមុខ សូម្បីតែអ្នកដែលមានរបៀបរស់នៅល្អ និងប្រកបដោយសុខភាពល្អយ៉ាងណាក៏ដោយ។
កត្តាប្រឈមមុខមួយចំនួនដែលកើតចេញពីផ្នែកខាងក្នុងនៃសារពាង្គកាយដូចជា ប្រវត្តិក្រុមគ្រួសារមានជំងឺមហារីក ឬតំណរពូជ ឬបំរែបំរួលហ្សែនអាចធ្វើអោយអ្នកដែលមានសុខភាពល្អធ្លាក់ខ្លួនជាជនរងគ្រោះ។ ការផ្លាស់ប្តូររចនាសម្ព័ន្ធឌែអិនដេ ដែលធ្វើអោយមានការប្រែប្រួលព័ត៌មានផលិតកោសិកា ធ្វើអោយកោសិកាបាត់បង់ព័ត៌មាន និងលូតលាស់រាលដាលឥតឈប់ឈរ។ ទាំងនេះ គឺជាកត្តាដែលកើតឡើងដោយចៃដន្យ និងគ្មានទំនាក់ទំនងពីមជ្ឈដ្ឋានខាងក្រៅនោះទេ។
ការបះពាល់ ឬការប្រើប្រាស់កាំរស្មីវិទ្យុសកម្មគឺជាហេតុផលមួយទៀតដែលធ្វើអោយមនុស្សម្នាក់អាចក្លាយជាអ្នកជម្ងឺមហារីក។ កាំរស្មីវិទ្យុសកម្មក៏ប្រហែលជាមូលហេតុដែលធ្វើអោយមានការប្រែប្រួលហ្សេនផងដែរ។ ដូច្នេះ ជៀសវាងនៅអោយឆ្ងាយពីកាំរស្មីទាំងនេះគឺជាមធ្យបាយល្អបំផុត។ សំគាល់ កាំរស្មីព្រះអាទិត្យក៏មានគ្រោះថ្នាក់ផងដែរ។
មួយវិញទៀត មិនថាអ្នកព្យាយាមរក្សារបបអាហារអោយមានតុល្យភាព និងថែរក្សាសុខភាពរបស់អ្នកអោយល្អយ៉ាងណាក្តី ប្រសិនបើសមាជិកម្នាក់ក្នុងគ្រួសាររបស់អ្នកជាជនរងគ្រោះ នោះអ្នកនឹងងាយប្រឈមមុខនឹងជំងឺមហារីកណាស់។ ហេតុនេះ កត្តាតំណពូជគឺជាមូលហេតុចំបងដែលសូម្បីតែមនុស្សដែលមានសុខភាពល្អ រឹងមាំ ក៏ត្រូវបានរងគ្រោះដោយជំងឺនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គ្រប់ករណីទាំងអស់នេះកម្រកើតឡើងណាស់។ ហេតុដូច្នេះ អ្នកមិនគួរឈប់អនុវត្តការរស់នៅដោយមានរបបអាហារតុល្យភាពនោះទេ ព្រោះវាធ្វើអោយសរីរាង្គរបស់អ្នករឹងមាំ ក្នុងការប្រឆាំងនឹងការវិវដ្តកោសិកាមហារីក។