តើមានចំនួនជាតិស្ករប៉ុន្មាននៅក្នុងភេសជ្ជៈកូកាកូឡាមួយកំប៉ុង? - How much sugar is there in a can of Coca Cola?
កូកាកូឡាគឺជាក្រុមហ៊ុនភេសជ្ជៈដ៏ល្បីល្បាញ និងលក់ដាច់បំផុតនៅលើពិភពលោកទាំងមូល។ ដូច្នេះ វាមិនចំឡែកទេដែលការលក់ និងការទទួលទានកូកាកូឡាក្រោយអាហារគ្រប់ពេលនៅក្នុងប្រទេសកម្ពុជាមានកម្រិតខ្ពស់។ ទោះជាយ៉ាងនេះក្តី មានមនុស្សតិចតួចបំផុតដែលយកចិត្តទុកដាក់ចំពោះគ្រឿងផ្សំដែលមានវត្តមាននៅក្នុងកូកាកូឡា។ មនុស្សជាច្រើនមិនខ្វល់ពីវា ប៉ុន្ដែវាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតដែលមនុស្សគ្រប់គ្នាគួរ និងត្រូវយកចិត្តទុកដាក់បំផុត។
កូកាកូឡាមិនមែនជាភេសជ្ជៈដែលល្អដល់សុខភាពឡើយ ព្រោះបរិមាណជាតិស្ករមានកំរិតខ្ពស់ខ្លាំង។ អ្នកប្រហែលជាឆ្ងល់ហើយថា តើវាមានបរិមាណខ្ពស់ប៉ុនណា? បរិមាណជាតិស្ករក្នុងមួយកំប៉ុងគឺមានចំនួន ៣៩ក្រាម។ វាស្មើទៅនឹងជាតិស្ករ ៩,៥ ស្លាបព្រាកាហ្វេ។ ប្រសិនបើអ្នករំងាស់កូកាកូឡាមួយកំប៉ុង អ្នកនឹងបានជាតិស្ករ ៩,៥ ស្លាបព្រាកាហ្វេជាមិនខាន។
ប៉ុន្តែប្រហែលមានមនុស្សជាច្រើនឆ្ងល់ថា តើគ្រឿងផ្សំជាតិស្ករក្នុងកូកាកូឡាមានប្រភពពីណា? នៅលើសំបកកំប៉ុង មិនមានការសរសេរបញ្ជាក់ច្បាស់លាស់អំពីជាតិស្ករនោះទេ ប៉ុន្តែវាត្រូវបានផ្សំឡើងដោយ ជាតិសេរ៉ូមស្ករដែលធ្វើពីពោត (fructose corn syrup)។ បន្ទាប់មកទៀត ទឹកកាបូន ក៏ត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំផងដែរ។ សារធាតុផ្អែមទាំងនេះ គឺជាប្រភេទស្ករដែលមានតំលៃថោកបំផុត។ ដូច្នេះ ក្រុមហ៊ុនមិនចំណាយថវិការច្រើន។ ក្នុងភាសារអង់គ្លេស គ្រប់ពាក្យ ឬធាតុដែលបញ្ចប់ដោយ '-ose' គឺសុទ្ធតែជាប្រភេទស្ករ។
សេចក្តីសន្និដ្ឋាន:
ប្រសិនបើយើងធ្វើការគណនាការទទួលទានជាតិស្ករប្រចាំថ្ងៃដែលត្រូវបានអនុញ្ញាតអោយបរិភោគ សំរាប់ស្រ្តី ជាតិស្ករចំនួន ៦ ស្លាបព្រាកាហ្វេ និង ៩ ស្លាបព្រាកាហ្វេសំរាប់បុរសក្នុងមួយថ្ងៃ។ ដូច្នេះ បរិមាណជាតិស្ករដែលមានក្នុងកូកាកូឡាមួយកំប៉ុង គឺមានចំនួនច្រើនជាងបរិមាណជាតិស្ករដែលរាងកាយអាចទទួលយកបានសំរាប់មួយថ្ងៃ។ និយាយរួម វាជាមេក្លោងបំផ្លាញសុខភាពរបស់អ្នក។ ហេតុនេះ កូកាកូឡាគឺជាភេសជ្ជៈដែលអ្នកគួរជៀសវាង។