តើជំងឺប្រព័ន្ធប្រសាទALSជាអ្វី? (Amyotrophic Lateral Sclerosis)- What is ALS (Amyotrophic Lateral Sclerosis)?
អំពីជំងឺប្រព័ន្ធប្រសាទALS :
ជំងឺប្រព័ន្ធប្រសាទALS ជាជំងឺមួយដែលបណ្តាលមកពីការខូចខាតឬបាត់បង់នៃម៉ូតូណឺរ៉ូន ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការកំនត់ និងបញ្ជារសាច់ដុំ។ វាក៏ត្រូវបានគេហៅថាជាជំងឺលូ ហ្គេរីក(Lou Gehrig )ផងដែរ។
រោគសញ្ញាជំហ៊ានដំបូងអំពីជំងឺប្រព័ន្ធប្រសាទALS:
១. មានអារម្មណ៍ជើង ឬកជើងគ្មានកំលាំង
២. ពិបាកនៅពេលដើរ
៣. មានភាពលំបាកពេលធ្វើសកម្មភាពផ្សេងៗប្រចាំថ្ងៃ
៤. ដៃចុះទន់ខ្សោយគ្មានកំលាំងកំហែង
៥. និយាយរដឹក
៦. កន្ត្រាក់ដៃ អណ្តាត និងស្មា
៧. ទន់ករគ្មានកំលាំងឬមានអារម្មណ៍ថាក្បាលធ្ងន់
ការវឌ្ឍន៍នៃជំងឺប្រព័ន្ធប្រសាទALS
ជំងឺប្រព័ន្ធប្រសាទALS បានចាប់ផ្តើមដំបូងនៅ ជើង ឬដៃទាំងសងខាង ហើយបន្ទាប់មកវារាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។ សាច់ដុំនៃរាងកាយក៏ចាប់ផ្តើមចុះខ្សោយ បន្ដើរៗដោយសារការឈប់ដំណើរការនៃប្រព័ន្ធណឺរ៉ូន។ ក្រោយមកអ្នកជំងឺមានភាពលំបាកក្នុងការទំពារ និយាយ លេប និងដកដង្ហើម។ សាច់ដុំប្លោកនោម និងពោះវៀនធំមិនត្រូវបានរងផលប៉ះពាល់នោះទេ។
មូលហេតុដែលបណ្ដាលអោយមានជំងឺប្រព័ន្ធប្រសាទALS:
យើងមិនដឹងពីកត្តាពិតប្រាកដដែលបណ្តាលអោយមានជំងឺប្រព័ន្ធប្រសាទALSនោះទេ។ ទោះជាយ៉ាងណាក្ដី មានភស្តុតាងមួយចំនួនអះអាងថា ប្រមាណពី៥% ទៅ១០%នៃអ្នកជំងឺមានទំនាក់ទំនងទៅនឹងតំណពូជ។
បុគ្គលល្បីល្បាញមួយចំនួនដែលទទួលរងគ្រោះដោយជំងឺប្រព័ន្ធប្រសាទALS:
១. លោក លូ ហ្គេរីក (Lou Gehrig )
លោកជាកីឡាករប៉េសប៉លអាមេរិក។
២. លោក ស្ទេហ្វេន ហកខិង (Stephen Hawking)
លោកជាអ្នកវិទ្យាសាស្រ្តដ៏ល្បីម្នាក់។
៣. លោកម៉ៅ សេទុង
លោកជាមេដឹកនាំនយោបាយនៃប្រទេសចិន។
៤. លោកដុន រេវី (Don Revie)
លោកជាកីឡាករបាល់ទាត់របស់ក្រុម ឡឺឆេសស្ទ័រ ក្រុមមែនឆេស្ទ័រស៊ីធី ក្រុមហូលស៊ីធី ក្រុមសាន់ដឺលែនដ៍ និងលីតស៍យ៉ូណៃធិត។
បុគ្គលល្បីល្បាញទាំងនេះហើយដែលបានទទួលរងគ្រោះដោយជំងឺប្រព័ន្ធប្រសាទALS។
ការព្យាបាលជំងឺប្រព័ន្ធប្រសាទALS:
សព្វថ្ងៃនេះ មិនមានការព្យាបាលជាក់លាក់ណាមួយដែលត្រូវបានប្រើប្រាស់នោះទេ។ ជំងឺនេះត្រូវបានគ្រប់គ្រងដោយវិធីសាស្រ្តដូចជា:
•ថ្នាំ
Riluzoleជាថ្នាំដែលមានប្រសិទ្ធិភាពខ្លាំងបំផុតក្នុងការព្យាបាលជំងឺប្រព័ន្ធប្រសាទALS។ ប៉ុន្តែថ្នាំនេះអាចត្រឹមតែពន្យាពេលនៃការវិវឌ្ឈន៍ទៅរកភាពខូចខាតរបស់កោសិកាប្រសាទណឺរ៉ូនប្រមាណ៣ខែ ប៉ុណ្ណោះ។ ថ្នាំនេះមិនអាចធ្វើអោយកោសិកាប្រសាទដែលខូចខាត ត្រលប់មករកសភាពដើមបាននោះទេ។
•ធានាបាននូវការដកដង្ហើម
វិធីសាស្រ្តដោយប្រើប្រាស់ឧបករណ៍ជំនួយផ្លូវដង្ហើមត្រូវបានប្រើប្រាស់ នៅពេលដែលការដកដង្ហើមរបស់អ្នកជំងឺចាប់ផ្តើមចុះខ្សោយ។
•ការព្យាបាលដោយចលនា
ការធ្វើលំហាត់ប្រាណដោយមានជំនួយពីគ្រូពេទ្យឯកទេសព្យាបាល គឺជាប្រការមួយចាំបាច់បំផុត។ ការធ្វើដូចនេះនឹងជួយអោយសាច់ដុំមានភាពរឹងមាំក្នុងការបំពេញមុខងាររបស់ខ្លួនអោយកាន់តែប្រសើរ។
•អាហាររូបត្ថម្ភដែលត្រឹមត្រូវ
ត្រូវពិគ្រោះយោបល់ជាមួយ អ្នកឯកទេសខាងរបបអាហារ។ អ្នកជំងឺក៏ត្រូវអនុវត្តតាមវេជ្ជបញ្ជាអោយបានត្រឹមត្រូវដែរ។